សម័យព្រះរាជាណាចក្រកម្ពុជា

ព្រះរាជាណាចក្រ​កម្ពុជា

ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ព្រះសង្ហារ

ព្រះសង្ហារ

ក្រោយ​ពី​ការ​មិន​ចុះ​សម្រុង​រវាង ពីរ ទសវត្ស និង​ការ​បំផ្លិចបំផ្លាញ វប្បធម៌ សេដ្ឋកិច្ច សង្គម និង នយោបាយ នៅ​កម្ពុជា ការ​ស្តា ហេដ្ឋារចនាសម្ព័ន្ធ បាន​ចាប់ផ្តើម​ឡើងវិញ ស្រប​ពេល​ជាមួយនឹង លំនឹង នយោបាយ បាន​វិល​ត្រលប់​ជា​បណ្ដើរ​ៗ ។ លទ្ធិប្រជាធិបតេយ្យ បាន​រង្គោះរង្គើ​នៅ​ឆ្នាំ១៩៩៧ ដោយសារ​ការ​វិវាទ​ក្នុង​ជួរ​រដ្ឋាភិបាល ។

នយោបាយ

តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ប្រទេស​កម្ពុជា​ប្រកាន់​របប​ប្រជាធិបតេយ្យ​រាជា និយម សេរី ពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ រួមមាន បួន​អំណាច​ធំៗ ៖ អំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ អំណាច តុលាការ និង អំណាច​សារព័ត៌មាន។

អំណាចនីតិប្រតិបត្តិ ជា​អំណាច​អនុវត្ត ច្បាប់, អំណាចនីតិបញ្ញត្តិ ជា​អំណាច​អនុមតិ/រៀបចំ​ច្បាប់, អំណាច តុលាការ ជា​អំណាច​វិនិច្ឆ័យ​បុគ្គល​តាម​ច្បាប់, អំណាច​សារព័ត៌មាន​ ជា​អំណាច​បញ្ចេញមតិ។

អំណាចនីតិប្រតិបត្តិ ថិត​នៅ​ក្រោម​ការអនុវត្ត របស់​រដ្ឋាភិបាល ដែល​មាន​នាយករដ្ឋមន្ត្រី​មួយ​រូប ជា​អ្នក​ដឹកនាំ រដ្ឋាភិបាល សេរី​ពហុបក្ស។​រដ្ឋាភិបាល​រួមមាន​រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ឧបនាយករដ្ឋមន្ត្រី ច្រើន​រូប។ នាយករដ្ឋមន្ត្រី ត្រូវ​បាន​តែងតាំង​ដោយ​ព្រះមហាក្សត្រ និង ដោយ​មាន​ការ​ផ្តល់​យោបល់/ឯកភាព​ពី​រដ្ឋសភា។ នាយករដ្ឋមន្ត្រី និង គ្រប់​មន្ត្រី​ក្រសួង​ក្រោម​ឱវាទ មាន​តួនាទី​អនុវត្ត​ច្បាប់ (នីតិប្រតិបត្តិ) ដោយ​ចេញ​ជា​ក្រឹត្យ អនុក្រឹត្យ​ផ្សេងៗ ដើម្បី​ឲ្យ​បុគ្គល​គ្រប់រូប​អនុវត្ត​តាម។

អំណាចនីតិបញ្ញត្តិ ថិត​នៅ​ក្រោម​ការ​អនុវត្ត របស់​រដ្ឋសភា​ និង ព្រឹទ្ធសភា។ ស្ថាប័ន​ទាំងពីរ​នេះ មាន​តួនាទី​ពិនិត្យ និង​សម្រេច​អនុមតិ​ច្បាប់ និង តាមដាន រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ច្បាប់ ។ រដ្ឋសភា មាន​សិទ្ធិ​កោះហៅ នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រី​គ្រប់​ក្រសួង មក​បង្ហាញ​មុខ​នៅ​រដ្ឋសភា ដើម្បី​ឆ្លើយ​សំណួរ​របស់ តំណាងរាស្ត្រ ជា​សមាជិក​របស់​រដ្ឋសភា។

អំណាចតុលាការ ថិត​នៅ​ក្រោម​ការ​អនុវត្ត របស់​អង្គចៅក្រម។ អង្គចៅក្រម តែងតាំង​ដោយ​ព្រះមហាក្សត្រ។ អង្គចៅក្រម មាន​តួនាទី​កាត់ក្តី​គ្រប់​បុគ្គល​តាម​ច្បាប់ ក្នុង​នោះ​កាត់ក្តី​ទាំង​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ទៀត​ផង។

អំណាច​សារព័ត៌មាន​ ជា​អំណាច​ របស់​មហាជន ថិត​នៅ​ក្រោម​ស្ថាប័ន​បណ្ដាញ​ព័ត៌មាន ក្នុង​នោះ​មាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដី្ត ព្រឹត្តិបត្រព័ត៌មាន …។ ស្ថាប័ន​នេះ​មាន​ភារកិច្ច​តាម​ឃ្លាំមើល គ្រប់​សកម្មភាព​របស់​អំណាច​ទាំង​បី​ខាងលើ ដើម្បី​ជា​ទុន​ កែ​តម្រង់​ឲ្យ​ដើរ​តាម​គន្លង​ច្បាប់​ដែល​បាន​ចែង។

ព្រឹត្តិការណ៍ សំខាន់

ព្រះអង្គ​ម្ចាស់​នរោត្តម​សីហមុនី ត្រូវបានជ្រើសឡើងនៅថ្ងៃទី១៤ តុលា ២០០៤ ដោយសមាជិក៩រូបនៃក្រុមប្រឹក្សារាជបល្ល័ង្គ ក្រោយ​ពី​ការ ដាក់​រាជ្យ​យ៉ាង ទាន់ហន់​របស់​អតីត ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម​សីហនុ មួយ​សប្ដាហ៍​មុន។ ព្រះបាទ​នរោត្តម​សីហមុនី​ត្រូវ​បាន​សម្រេច ឲ្យ​ឡើង​គ្រងរាជ្យ នៅ​ទីក្រុង ភ្នំពេញ ថ្ងែ​ទី ២៩ តុលា។ មហាក្សត្រ​ជា​និមិត្តរូប និង​មិន​ចូលរួម ក្នុង​ឆាក​នយោបាយ​ឡើយ។ ព្រះបាទ​នរោត្តម​សីហមុនី បាន​ហ្វឹកហាត់ របាំ​បុរាណ​ខ្មែរ និង​នៅ​លីវ។ BBC បាន រាយការណ៍​ថា​អំពើ​ពុករលួយ​នៅ​តែ​បន្ត​ក្នុង​ឆាក​នយោបាយ កម្ពុជា​ពី​ជំនួយ អន្តរជាតិ ដោយ​ផ្ទេរ​បញ្ជូន​ដោយ​ខុសច្បាប់​ចូល​ក្នុង​គណនី​ឯកជន។ អំពើ​ពុករលួយ​ក៏​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ការ​បាត់បង់​ចំណូល​របស់​ប្រជាជន។

រចនាសម័្ពន្ធ

រចនាសម្ព័ន្ធ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន៖

  • ព្រះមហាក្សត្រ ជា​និមិត្តរូប​តំណាង​ប្រទេស
  • រដ្ឋសភា និង ព្រឹទ្ធសភា ទទួល អំណាចនិតិបញ្ញត្តិ (មាន​តួនាទី អនុម័ត​ច្បាប់)
  • រដ្ឋាភិបាល ទទួល អំណាចនីតិប្រតិបត្តិ​ (ព្រាងច្បាប់ និង​អនុវត្ត ច្បាប់ ដែល​បាន​សម្រេច​យល់ព្រម ដោយ​រដ្ឋសភា និង ព្រឹទ្ធសភា)
  • តុលាការ ទទួល អំណាចតុលាការ (ផ្អែក​តាម​ច្បាប់ និង​រដ្ឋធម្មនុញ្ញ ដើម្បី​កាត់​សេចក្តី។ តុលាការ​មាន អំណាច​ឯករាជ្យ)។

បំណែង​ចែក​រដ្ឋបាល

តាមច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​​រដ្ឋសភា​បាន​អនុម័ត ហើយ​ព្រះមហាក្សត្រ​បាន​ទ្រង់​ចេញ​ព្រះរាជក្រម​ប្រកាស​ឱ្យ​ប្រើ កាលពី​ពេល​ថ្មី​ៗ ប្រទេស​កម្ពុជា ត្រូវ​បាន​ចែក​ជា​រាជធានី និង​ខេត្ត​។ រាជធានី​ចែក​ចេញ​ជា​ខណ្ឌ ខណ្ឌ​ចែក​ជា​សង្កាត់​។ ខេត្ត​ចែក​ចេញ​ជា ស្រុក និង​ក្រុង ដែល​ស្រុក​ចែក​ជា​ឃុំ និង​សង្កាត់ ហើយ​ក្រុង​ចែក​ជា​សង្កាត់​។ ជា​លទ្ធផល​នៃ​ច្បាប់​នេះ មាន​ដូចជា ៖

  • ផ្លាស់ប្ដូរ​ឈ្មោះ​ក្រុង​ចំនួន​៣ មក​ជា​ខេត្ត​រួម​មាន ៖ ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្ត​ប៉ៃលិន​។
  1. បង្កើត​ក្រុង​ថ្នាក់​ស្មើ​ស្រុក​ចំនួន​៣ គឺ ៖ ក្រុង​ប៉ោយប៉ែត​នៃ​ខេត្ត​បន្ទាយមានជ័យ ក្រុង​សួង​នៃ​ខេត្ត​កំពង់ចាម ក្រុង​បាវិត​នៃ​ខេត្ត​ស្វាយរៀង​។
  1. ធ្វើការ​ផ្លាស់ប្ដូរ​ទីរួមខេត្ត​មក​ជា​ក្រុង និង​បង្កើត​ស្រុក ខណ្ឌ​ថ្មី ព្រមទាំង​បង្កើត​ក្រុង​ដែល​បំបែក​ពី​ស្រុក ទីប្រជុំជន ខេត្ត​ចំនួន​៥ ក្នុង​នោះ​មាន ៖ ស្រុក​រុក្ខគិរី​នៃ​ខេត្ត​បាត់ដំបង ដែល​បំបែក​ពី​ស្រុក​មោងឬស្សី, ខណ្ឌ​សែនសុខ​នៃ​រាជធានី​ភ្នំពេញ ដែល​បំបែក​ចេញពី​ខណ្ឌ​ឫស្សីកែវ, ក្រុង​ព្រៃវែង បំបែក​ចេញ​ពី​ស្រុក​កំពង់ លាវ​នៃ​ខេត្ត​ព្រៃវែង និង​បាន​ប្ដូរ​ឈ្មោះ​ស្រុក​ព្រៃវែង ទៅ​ជា​ស្រុក​ស្វាយអន្ទរ នៃ​ខេត្ត​ព្រៃវែង​វិញ, ក្រុង​ក្រចេះ បំបែក​ពី​ស្រុក​ក្រចេះ និង​បាន​ប្ដូរ​ឈ្មោះ​ស្រុក​ក្រចេះ ទៅ​ជា​ស្រុក​ចិត្របុរី ​នៃ​ខេត្ត​ក្រចេះ​វិញ, ក្រុង​ព្រះវិហារ បំបែក​ពី​ស្រុក​ត្បែងមានជ័យ​នៃ​ខេត្ត​ព្រះវិហារ និង​ក្រុង​កំពត បាន​ប្ដូរ​ឈ្មោះ​មក​ពី​ស្រុក​កំពង់ បាយ​នៃ​ខេត្ត​កំពត ហើយ​ស្រុក​កំពត​ក៏​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ស្រុក​ទឹកឈូ​វិញ​។

សរុប​សេចក្ដី​មក រហូត​មកដល់ពេលនេះ ព្រះរាជាណាចក្រ​កម្ពុជា មាន​ភ្នំពេញ ជា​រាជធានី និង​ខេត្ត​ចំនួន​២៣ ក្រុង​ចំនួន​២៦ ស្រុក​ចំនួន​១៥៩ ខណ្ឌ​ចំនួន​៨ ឃុំ​ចំនួន​១៤១៧ និង​សង្កាត់​ចំនួន​២០៤​។

ទំនាក់​ទំនង​អន្តរជាតិ

ប្រទេស​កម្ពុជា​ ជា​សមាជិក នៃ​អង្គការ​សហប្រជាជាតិ​តាំង​ពី​ថ្ងៃ​ទី ១៤ ធ្នូ ឆ្នាំ ១៩៥៥​មក​ម្ល៉េះ​ (UN: United Nations) និង​ជា​ភ្នាក់ងារ​ជំនាញ​ដទៃ​ទៀត​ដូចជា ធនាគារ ពិភពលោក (WB:World Bank) និង​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ (IMF: International Monetary Fund)។​ ហើយប្រទេស​កម្ពុជា​ក៏ជា​សមាជិក នៃ​ធនាគារ អភិវឌ្ឍ​អាស៊ី អាស៊ាន (ADB:Asean Development Bank) និង​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO:World Trade Union) នៅ​ថ្ងៃទី ១៣ តុលា ២០០៤។ កម្ពុជា​​​បាន​ចូលរួម កិច្ចប្រជុំ​កំពូល​នៃ​អាស៊ី​​ខាងកើត នៅ​ឆ្នាំ ២០០៥។ កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ថ្ងៃ ទី ៣០ ខែ​ មេសា ឆ្នាំ ១៩៩៩ ។

បន្ទាប់​ពី​លំនឹង​នយោបាយ​មក កម្ពុជា​បាន​ខិតខំ​កសាង​នយោបាយ ការទូត ជាមួយ​ប្រទេស​ជា​ច្រើន រួមមាន​ប្រទេស​ចូលរួម សំខាន់ៗ ក្នុង​កិច្ចព្រមព្រៀង​ក្រុង ប៉ារីស​ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ចិន សហគមន៍​អឺរ៉ុប ជប៉ុន និង រុស្សី ព្រមទាំង២០ស្ថានទូតនៃប្រទេសជិតខាងនៅអាស៊ី ​រួមមាន សាធារណរដ្ឋ ប្រជាមានិត​ចិន សាធារណរដ្ឋ​សង្គម​​និយម​វៀតណាម, សាធារណរដ្ឋ​ប្រជាមានិត​លាវ, សាធារណរដ្ឋ​កូរ៉េខាងត្បូង, សាធារណរដ្ឋ​ប្រជាមានិត​កូរ៉េខាងជើង និង រាជាណាចក្រ​ថៃឡង់។

ទន្ទឹម​នឹង​ពេល​ដែល​សង្គ្រាមស៊ីវិល​ជាង​ពីរ​ទសវត្ស​បាន​កន្លង​ផុត​ទៅ ជំលោះ​ព្រំដែន​រវាង​កម្ពុជា និង ប្រទេស​ជិតខាង​នៅ​តែ​បន្ត ដូចជា​ការបាត់បង់​កោះ​មួយ​ចំនួន និង​ព្រំប្រទល់​ខ្លះ​ទៅ​ក្នុង​ប្រទេស វៀតណាម និង ព្រំប្រទល់ដែន​សមុទ្រ​មិន​ច្បាស់លាស់​និង​តំបន់​ព្រំដែន​ខាង​ប្រទេសថៃ។

ខែ មករា ២០០៣ កុបកម្ម​ក្រុងភ្នំពេញ បាន​កើត​ឡើង​ក្រោយ​ពី​មាន​ពាក្យ​ចចាមអារ៉ាម ស្ដីពី​យោបល់ របស់​តារា​ស្រី​ថៃ ស៊ុវណាន់ ខុងយិង លើ ប្រាសាទអង្គរវត្ត ផ្សព្វផ្សាយ កាសែត​ក្នុង​ស្រុក​ឈ្មោះ រស្មី​អង្គរ និង​ការ​លើក​ឡើង​បន្ថែម​ទៀត​ដោយ នាយករដ្ឋមន្ត្រី ហ៊ុនសែន។ រដ្ឋាភិបាល​ថៃ បាន​បញ្ជូន យន្តហោះ យោធា ដើម្បី​ជម្លៀស​ជនជាតិ​ថៃ​ពី​កម្ពុជា​ និង​បិទ​ច្រក​​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ នៅ​ពេល​ដែល​មាន បាតុកម្ម នៅ​ក្រៅ​ស្ថានទូត​កម្ពុជា​ឯ​ទីក្រុង​បាងកក។ ​ ព្រំដែន​ត្រូវ បាន​បើកឲ្យ ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី ២១ ខែ មិនា ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ ៦លានដុល្លារ អាមេរិក ដើម្បី​ជា​សំណង​ការ​ខូចខាត​ស្ថានទូត ថៃ និង យល់ព្រម​សង​ការខូចខាត​លើ​អាជីវកម្ម​ឯកជន​ថៃ។

ជម្លោះ​អន្តរជាតិ

បណ្ដា​កោះ និង បណ្ដា​ផ្នែក​ខ្លះ នៅ​ក្នុង​សមុទ្រ នៃ​ព្រំដែន​ជាប់​ជាមួយ​វៀតណាម កំពុង​ស្ថិត​​ក្នុង​វិវាទ​នៅ​ឡើយ; ព្រំដែន​សមុទ្រ​ជាមួយ​វៀតណាម មិន​ទាន់​ត្រូវ​បាន កំណត់; ផ្នែក​ខ្លះ​នៃ​ព្រំដែន​គោក ជាមួយ​ប្រទេស​ថៃឡង់ មិន​បាន​កំណត់​ទាល់​តែ​សោះ; ព្រំដែន​សមុទ្រ​ជាមួយ​ថៃឡង់ មិន​បាន​កំណត់​ច្បាស់លាស់ ។

ភូមិសាស្ត្រ

ប្រទេស​កម្ពុជា​មាន​ផ្ទៃដី ប្រហែល១៨១ ០៣៥ គីឡូម៉ែត្រ​ការេ មាន​ព្រំដែន​ដីគោក ខាងជើង និង​ខាងលិច ជាប់​ប្រទេស​ថៃ ៨០០គ.ម ជាប់​ប្រទេស​ឡាវ ៥៤១គ.ម ភាគ​ខាង​ឥសាន និងជាប់ប្រទេសវៀតណាម១២២៨គ.ម​ភាគ​ខាងកើត​និង​អាគ្នេយ៍ ។ ព្រំដែន​សមុទ្រ​លាតសន្ធឹង​លើ​ឈូង​សមុទ្រ​ថៃ ប្រវែង៤៤៣ គ.ម។

ភូមិសាស្ត្រ​ប្រទេស​កម្ពុជា​មាន​រាង​ជា​បាត​ខ្ទះ ដោយសារ ទឹក​ជំនន់​បឹងទន្លេសាប​ដែល​មាន​ទំហំ ២៥៩០គម២ នៅ​ខែប្រាំង និងលាតសន្ធឹងដល់២៤៦០៥គម២ នៅ រដូវវស្សា។ ទី​ទំនាប​នេះ​បង្ក លក្ខណសម្បត្តិ​​ យ៉ាង ប្រសើរ​សំរាប់​ការស្រោចស្រព​ស្រែចម្ការ​ជា​រៀងរាល់​ឆ្នាំ។ ៧៥%នៃ​ផ្ទៃ​ដី​ស្ថិត នៅរយៈកំពស់តិចជាង១០០ម លើ​នីវ៉ូ ទឹកសមុទ្រ​ លើកលែង តែ​ប្រជុំ​ភ្នំក្រវាញ (រយៈកម្ពស់​ខ្ពស់​ជាងគេ ១៨១៣ ម) និង​ប្រជុំ​ភ្នំ​ដំរី (៥០០- ១០០ ម) ក៏​ដូចជា​តំបន់​ខ្ពង់រាប​ខាងជើង​នៃ ជួរ ភ្នំដងរែក (ជាមធ្យម ៥០០ម) តាម​បណ្តោយ​ព្រំដែន​ជាប់​តំបន់​ឥសាន​ប្រទេស​ថៃ។ ភ្នំឱរ៉ាល​មាន កំពស់​ខ្ពស់​ជាងគេ(១៨១៣ម) ស្ថិត​នៅ​ក្បែរ​ខេត្តពោធិ៍សាត់។ សីតុណ្ហភាពស្ថិតនៅចន្លោះ១០ទៅ១៥អង្សារសេ និង​ទទួល​ឥទ្ធិពល​ខ្យល់​មូសុង។ មូសុង​និរតី បក់ នាំ​យក​ខ្យល់​សើម​ពី​ឈូងសមុទ្រ​ថៃ និង​​មហាសមុទ្រ​ឥណ្ឌា ពី​ខែ​ឧសភា​ ដល់​តុលា បណ្ដាល​ឲ្យ មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ខែកញ្ញា និង តុលា។ មូសុង​ឥសាន​នាំ​មក​នូវ​រដូវ​ប្រាំង​ពី​ខែ​វិច្ឆិកា​ដល់​មេសា ហើយ​ស្ងួត​ខ្លាំង​នៅ​ខែ​មករា​ និង​កុម្ភៈ។ ហេតុអ្វី?

សេដ្ឋកិច្ច

ទោះបី​ជា​មាន​ការ​រីកចម្រើន​ថ្មីៗ​ក៏ដោយ សេដ្ឋកិច្ច​ប្រទេស កម្ពុជា​នៅ​តែ​រង​ឥទ្ធិពល​អាក្រក់​ពី​សង្គ្រាមស៊ីវិល ជំលោះ​ផ្ទៃ​ក្នុង និង​អំពើ​ពុករលួយ។ ចំណូល​បាន​កើន ឡើង​យ៉ាង​ឆាប់​រហ័ស តែ​នៅ​មាន​កំរិត ទាប​នៅ​ឡើយ​បើ​ប្រៀបធៀប ជាមួយ​ប្រទេស​ជិតខាង​ក្នុង​តំបន់។ ប្រជាជន​ភាគច្រើន​ពឹង​ផ្អែកលើ កសិកម្ម។​ ស្រូវ ត្រី ឈើ វាយនភ័ណ្ឌ និង កៅស៊ូ​ជា​វត្ថុ​នាំចេញ​ជា​ចំបង។ ដៃ​គូ​សេដ្ឋកិច្ច​សំខាន់ៗ សំរាប់​ការនាំចេញ​រួមមាន សហរដ្ឋអាមេរិក សិង្ហបុរី ជប៉ុន ថៃ ចិន ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី។

អាកាសធាតុ

ព្រះរាជាណាចក្រ កម្ពុជា ទទួល​រង​នូវ​អាកាសធាតុ​ត្រូពិក​ក្តៅ ហើយ​សើម។ សីតុណ្ហភាព​មធ្យម​អតិបរមា គឺ​ចន្លោះ​ពី ២៥,៥ អង្សា​សេ ទៅ ២៩,៥ អង្សា​សេ (ក្តៅ​ជាង​គេ គឺ​ខែ​មេសា) និង​សីតុណ្ហភាព​មធ្យម​អប្បបរមា គឺ​នៅ​ចន្លោះ ពី ២៤ អង្សាសេ ទៅ ២៦,៥ អង្សាសេ (ត្រជាក់​ជាងគេ​នៅ​ខែ​ធ្នូ)។ សីតុណ្ហភាព​នេះ មាន​ការប្រែប្រួល​ខ្លះ ទៅ​តាម​តំបន់ ដូចជា នៅ​តំបន់​ភ្នំ និង​ខ្ពង់រាប (ភ្នំបូកគោ សីតុណ្ហភាព​មធ្យម​គឺ ២០ អង្សាសេ)។

ប្រជាជន

ប្រជាពលរដ្ឋ ៨៥% ជា​អ្នក​ធ្វើ​ស្រែចម្ការ។ បើ​គិត​មក​ដល់​ឆ្នាំ ២០០៧ ចំនួន​ប្រជាជន​កម្ពុជា មានប្រហែល១៤ លាន​នាក់​ (ភេទប្រុស ៦៣៤៨១១២ និង​ភេទ​ស្រី ៦៧៥១៣៦០​)​ តាមជំរឿនប្រជារាស្រ្តនៅឆ្នាំ២០០០។

៩៥%គឺ​ជា​ជាតិពន្ធុ​ខ្មែរ។
​៥%​គឺ​ជា​ជាតិពន្ធុ​ដទៃ​ដូចជា ចិន យួន ចាម … ។

តាម​ការ​ប៉ាន់ស្មាន​ប្រមាណ​ពី ៨៥% ទៅ៩០% នៃ​ប្រជាជន​រស់​នៅ​ទី​ជនបទ។ ប្រហែល ៩០%នៃ​ចំនួន​ប្រជាជន​ដែល​មាន ដើមកំណើត​ជា​ខ្មែរ ចំនួន៥% ជា​ជនជាតិ​ចិន និង​វៀតណាម និង​មួយ​ចំនួន​តូច​ជា​កុលសម្ព័ន្ធ​ភ្នំ ចាម និង​ភូមា។ ភាសាខ្មែរ​ជា ភាសា​ផ្លូវការ​របស់​ជាតិ។ ភាសាខ្មែរ​មាន​អ្នក​ប្រើ​ចំនួន​ជាង ៩៥%នៃ​ចំនួន​ប្រជាជន។ រីឯភាសាបារាំងជាភាសាទី២ ហើយ ត្រូវ​បាន​គេ​និយាយ​ផង​ដែរ តែ​ភាគច្រើន​មនុស្ស​ចាស់ៗ​ប្រើ។ ភាសា​អង់គ្លេស​ត្រូវ បាន​គេ និយាយ​ជា​ទូទៅ​ដោយ​កេ្មងៗ​​ជំនាន់ ក្រោយ។ ប្រជាជន​កម្ពុជា​បង្ហាញ​លក្ខណៈ ពិសេស​សំខាន់ៗ ជា​ច្រើន។ទី១ដោយសារ ការ​រីក​ឡើង​យ៉ាង​រហ័ស របស់ កេ្មងៗ​ក្រោយ​ឆ្នាំ ១៩៧៩ ដែល​វា​ជា​ចំនួន​ប្រជាជន​កេ្មង​មាន​យ៉ាង​ហោច​ណាស់ ពាក់​កណ្ដាល ​អាយុ​ក្រោម ១៨ឆ្នាំ នៃ​អាយុ​សព្វថ្ងៃ​នេះ។ ទី២ សមាមាត្រ ចំនួន​នារី​ជាមួយ​ប្រជាជន​ពេញវ័យ​គឺ​ខ្ពស់ រហូត៥០% នៃ​ប្រជាជន​ទាំង​នោះ ដែលមានអាយុ១៨ឆ្នាំ ឬ​ក៏​ភាគ​ច្រើន​ជា​ស្ត្រី ។ ជា​លទ្ធផល​នៃ​សង្គ្រាម​មាន ចំនួន​សមាមាត្រ ខ្ពស់​គួរសម​នៃ​ស្ត្រី នៅ​ផ្ទះ​យ៉ាង​ហោច​ណាស់ ២៥% យោង​តាម​យូនីសេហ្វ។

ប្រជាជន​កម្ពុជា និង​ឡាវ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ចំនួន​តិច ដោយសារ​ចំនួន​ប្រជាជន​វៀតណាម​និង​ថៃ និង​ដោយ ដង់ស៊ីតេ​ប្រជាជន ជាមធ្យម នៅក្នុង ប្រទេស​តូចជាង គឺ​តិច​ជាង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​វៀតណាម។ តំបន់​ប្រជាជន​រស់នៅ យ៉ាង​ច្រើន​នៅ​ក្នុង ប្រទេស​កម្ពុជា​មិន​មាន​ច្រើន​ដូចជា​ការ​ប្រមូល ផ្តុំ នៃ​ប្រជាជន​ដែល​គេ​បាន​រក​ឃើញ​នៅ​​តាម​ដង​ទន្លេ ក្រហម និង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​វៀតណាម។

ប្រជាជន​កម្ពុជា​មាន​ចំនួន ១២ ៤៩១ ៥០១នាក់(ការប៉ាន់ស្មានក្នុងឆ្នាំ២០០១) ។ ប្រជាជនកើនឡើងប្រហែលចំនួន២,៣% ក្នុង​មួយ​ឆ្នាំ ជា​ប្រទេស​មួយ ដែល​មាន អត្រា​កំណើន​ ចំនួន​ខ្ពស់​ផង​ដែរ។ ដង់ស៊ីតេ​ប្រជាជន​គឺ 69 នាក់​ក្នុង​មួយ គីឡូម៉ែត្រ ការេ ដោយ​ប្រមូលផ្ដុំ​នៅ​តាម​តំបន់​ទំនាបកណ្ដាល ។ តំបន់​ភ្នំ​នៃ​ប្រទេស មាន ជំងឺ​គ្រុនចាញ់ ដែល​ធ្វើ​អោយ ប្រជាជន​រស់នៅ​តំបន់​នោះ​មាន ចំនួន​តិច​ហើយ​មិន​មាន​ទឹក​គ្រប់គ្រាន់ នៅ​ខេត្ត​ភាគ​ខាងជើង ។